ក្រសួងកិច្ចការនារី ទទួលសម្ភារប្រើប្រាស់ចំនួន៤០០ឃិតពីអង្គការ UNFPA សម្រាប់ជួយស្រ្តីរងគ្រោះ ដោយអំពើហិង្សាយេនឌ័រ នៅតាមបណ្តាខេត្តចំនួន៨

(ភ្នំពេញ)៖ លោកជំទាវ អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីនៃក្រសួងកិច្ចការនារី នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្តីការក្រសួងកិច្ចការនារី បានអនុញ្ញាតជូន អង្គការមូលិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ចូលជួបសំណេះសំណាល និងប្រគល់សម្ភារៈប្រើប្រាស់ចំនួន៤០០ឃិត សម្រាប់ស្រ្តីរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅតាមបណ្តាខេត្តចំនួន៨។

យោងទៅតាមគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងកិច្ចការនារី នៅរសៀលថ្ងៃទី២០ ខែឧសភានេះបានឲ្យដឹងថា អង្គការ UNFPA បានសហការជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងដៃគូផ្តោតលើបញ្ហាសំខាន់ៗចំនួន៣ រួមមាន៖

១.សុខភាពផ្លូវភេទ និងសុខភាពបន្តពូជ

២.ក្មេងជំទង់ និងយុវវ័យ និង

៣. ផ្នែកទិន្នន័យប្រជាសាស្រ្ត។

លោកជំទាវរដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានលើកឡើងថា ក្រសួងកិច្ចការនារីបានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ UNFPA និងដៃគូពាក់ព័ន្ធក្នុងការរៀបចំទៅលើយុត្តិសាស្រ្ត និងផែនការសកម្មភាព៤ចំណុច៖

​​១. ផែនការសកម្មភាពជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តីលើកទី៣

២. យុទ្ធសាស្រ្តនារីរតនៈទី៥

៣.ការពង្រឹងសមត្ថភាពក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រ

៤. គាំទ្រឱ្យមានការបង្កើតកន្លែងផ្តល់សេវាចម្រុះជួយជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។

យោងតាមសិ្ថតិរបស់អង្គការសុខភាពពិភពលោក បង្ហាញថានៅក្នុងពិភពលោកស្រ្តីប្រឈមនឹងអំពើហិង្សារហូតដល់ទៅ៣១លាននាក់ក្នុងពេលនៃការរីករាលដាលនៃជំងឺកូវីត១៩នេះ។ ការកើនឡើងនៃចំនួនស្រ្តីរងគ្រោះដោយអំពើហិង្សាក្នុងអំឡុងពេលវីរុសកូវីដ១៩ដោយសារការរឹតបន្តឹងមិនឱ្យមានការជួបជុំដើម្បីការពារការឆ្លងដែលធ្វើឱ្យកន្លែងធ្វើការមួយចំនួនត្រូវបិទ ឬកាត់បន្ថយម៉ោងធ្វើការ ការរកប្រាក់ចំណូលបានតិចជាងមុន ការភ័យខ្លាចនៃការឆ្លង៕

អត្ថបទដោយ៖​ អ៊ុំ ច័ន្ទលក្ខិណា

Facebook Comments

You May Also Like