ក្រុងភ្នំពេញ៖ ក្រុមហ៊ុនផលិតវាំងននតៃវ៉ាន់ Nien Made Enterprise បានប្រកាសថាខ្លួនមានគម្រោងពង្រីករោងចក្រនៅកម្ពុជាដើម្បីគេចពីសង្គ្រាមពាណិជ្ជកម្មចិនអាមេរិក។ នេះបើតាមការចុះផ្សាយរបស់កាសែត Tai Pei Times។
លោក សេរីវឌ្ឍនៈ រាយការណ៍ពីព័ត៌មាននេះ៖
នៅក្នុងការចុះផ្សាយរបស់កាសែត Tai Pei Times បានឲ្យដឹងថា ក្រុមហ៊ុនតៃវ៉ាន់ Nien Made Enterprise ដែលមានមូលដ្ឋាននៅប្រទេសចិនកំពុងគេចខ្លួនពីចំហាយអវិជ្ជមាននៃសង្គ្រាមអាមេរិកនិងចិន។
មន្រ្តីផ្នែកទំនាក់ទំនងសាធារណៈនៃក្រុមហ៊ុននេះ បានប្រាប់មកកាន់មកកាន់អ្នកកាសែតថា ការពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន គឺជៀសវាងកាត់បន្ថយការប៉ះពាល់ការបង់ពន្ធខ្ពស់ទៅកាន់សហរដ្ឋអាមេរិក។
មន្រ្តីរូបនេះបញ្ជាក់ទៀតថា ចំនួនការកុម្ម៉ង់ទិញទៅកាន់សហរដ្ឋអាមេរិក មានការកើនឡើងជាលំដាប់។
លោកថា ការពង្រីកនេះគឺក្នុងគោលបំណងតែមួយគត់ក្នុងការបញ្ជៀសពីហានិភ័យនៃការប៉ះពាល់ពីការយកពន្ធពីអាមេរិក។
លោកបន្តថា៖ ព្រោះតែជម្លោះពាណិជ្ជកម្មអាមេរិក ចិន យើងសម្លឹងឃើញទឹកដីអាស៊ីអាគ្នេយ៍គឺជាទឹកដីដែលមានសក្តានុពល ហើយការពង្រីកអាជីវកម្មគឺត្រូវការកម្លាំងពលកម្មមកបំពេញផងដែរ។
បច្ចប្បន្ននេះ ក្រុមហ៊ុនបានរកប្រាក់ចំណូលប្រមាណជាង ២ពាន់លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍ដែលចេញផ្សាយកាលពីខែកក្កដាកន្លងទៅ។
ក្រុមហ៊ុននេះមានបំណងផ្លាស់ប្តូរមកកម្ពុជានៅ ២ ទៅ ៣ ឆ្នាំខាងមុខដើម្បីសម្រេចបានការផលិតពី ១៥ ទៅ ១៧ ភាគរយ។
លោក ឯម សុវណ្ណារ៉ា អ្នកសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្តនយោបាយ បានលើកឡើងថា ការដែលដាក់ទុនវិនិយោគនឹងពង្រីករោងចក្រនៅកម្ពុជានេះ គឺជារឿងមួយដ៏ល្អសម្រាប់ល្បឿនសេដ្ឋកិច្ចកម្ពុជា។
លោកថា កម្ពុជាមានហេតុផលសមរម្យទាំងកត្តានយោបាយការទូត លទ្ធិប្រជាធិបតេយ្យ និង នយោបាយទីផ្សារសេរី និង មានកត្តាវិជ្ជមានច្រើនជាងប្រទេសចិន ទើបធ្វើឲ្យអ្នកវិនិយោគងាកមកចាប់អារម្មណ៍នឹងការពង្រីកទីផ្សារនៅកម្ពុជា។
លោកបានដាក់ក្តីកង្វល់វិញថា កម្ពុជាកំពុងប្រឈមនឹងការដកពន្ធអនុគ្រោះ EBA ពីសហភាពអឺរ៉ុប នឹងការដកពន្ធ GSP ពីអាមេរិកដែលនេះគឺជាចំណុចខ្សោយរបស់កម្ពុជាបើប្រៀបនឹងប្រទេសជិតខាងនោះគឺប្រទេសវៀតណាម។
លោក ឯម សុវណ្ណារ៉ា បានបន្តថា៖ កម្ពុជានៅក្នុងល័ក្ខខណ្ឌហ្នឹង កម្ពុជាអាចប្រឈមបើប្រៀបធៀបកម្ពុជានឹងវៀតណាម បើសិនកម្ពុជាអត់ EBA បើសិនកម្ពុជាអត់ GSP ពីអាមេរិក អាហ្នឹង! គឺកម្ពុជាអាចមានបញ្ហាដែរ! អាហ្នឹងគឺយើងចាញ់ប្រទេសជិតខាង ហើយណាមួយតម្លៃដើមការផលិត វត្ថុធាតុដើមគឺយើងនាំចូលមកទាំងស្រុងដែលនេះគឺជាបញ្ហាមួយដែលវិនិយោគិនអាចពិចារណា ដូច្នេះហើយវៀតណាមមានលក្ខណៈល្អប្រសើរជាងហើយបាទ!
នៅឆមាសទី ១ ឆ្នាំ ២០១៩ នេះ មានរោងចក្រប្រមាណ ៣៤ បានបើកដំណើការ ក្នុងនោះមានរោងចក្រស្បែកជើង ២ និង រោងចក្រផលិតផលិតផលធ្វើដំណើរ ៣២ រោងចក្រ។
លោកកាំង មុនីការ អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) ក៏បានស្វាគមន៍ចំពោះវត្តមាននិងផែនការពង្រីករបស់ក្រុមហ៊ុនតៃវ៉ាន់នេះ។ លោកថា ស្របតាមផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និង តម្រូវការចាំបាច់នៃកំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍវិស័យឯកជនប្រកបដោយនិរន្តភាព ដើម្បីសម្រេចបានគោលដៅសេដ្ឋកិច្ចនៅឆ្នាំ ២០៣០ និងឆ្នាំ ២០៥០។
Facebook Comments