ក្រុមយុវជនមាតាធម្មជាតិបានបើកយុទ្ធនាការជិះកង់ហែញ្ញត្តិអំឡុងពេល៤ថ្ងៃឱ្យនាយករដ្ឋមន្រ្ដីពិចារណាសំណើដាក់កោះកុងក្រៅជាតំបន់ការពារដោយច្បាប់។ប៉ុន្ដែទើបធ្វើដំណើរបានជាង១ថ្ងៃ កង់របស់ពួកគេទាំងអស់ត្រូវបានអាជ្ញាធរកោះកុង ចាប់ក្រោមហេតុពុំ
មានការអនុញ្ញាត ខណៈក្រសួងបរិស្ថានចោទពួកគេថាបង្កើត យុទ្ធនាការក្រោមហេតុផលនយោបាយប៉ុណ្ណោះ។តែបែបនេះក្ដីមានមហាជនជាច្រើនរិះគន់ខ្លះគាំទ្រចំពោះចំណាត់ការអាជ្ញាធរមានសមត្ថកិច្ច។
ពៅនិកាលម្អិតព័ត៌មាននេះ៖
អង្គការមាតាធម្មជាតិសម្រេចបង្កើតយុទ្ធនាការជិះកង់ដាក់ញត្តិ ស្នើទៅសម្ដេច ហ៊ុន សែន ដាក់កោះកុងក្រៅ ទៅជាតំបន់ការពារនិងអភិរក្សដោយច្បាប់ ។យុទ្ធនាការនេះស្រូតឱ្យដល់គោលដៅនៅថ្ងៃទី០៥មិថុនាជាទិវាបរិស្ថានអន្ដរជាតិ។ ប៉ុន្ដែកាលពីថ្ងៃទី០៣មិថុនាម្សិលមិញនេះអាជ្ញាធរមូលដ្ឋានខេត្តកោះកុង ក្នុងចំណុចនៅឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង ឃាត់ពួកគេពិនិត្យសុខភាព។ រួចទាមទាររកមើលអត្ដសញ្ញាណប័ណ្ណ ញត្តិ លើសពីនេះឲ្យក្រុមយុវជនទាំងនោះ ផ្ដិតមេដៃ ទៅលើក្រដាសស្នាមដែលអាជ្ញាធរបានសរសេររួច អាជ្ញាធរក៏បានលើក កង់ឡើងឡានទុកនៅអធិការស្រុក។នេះបើតាមការឱ្យដឹងរបស់សកម្មជនបរិស្ថានកញ្ញាវតី។
ក្រៅពីអាជ្ញាធរមូលដ្ឋានមានស្ថាប័នថ្នាក់ជាតិក្រសួងបរិស្ថានជាក្រសួងសាម៉ីបានចេញមុខថ្កោលទោសចំពោះសកម្មភាពយុវជនទាំងនេះថាជាលេសដើម្បីហេតុផលទុច្ចរិតនយោបាយដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។ក្រសួងថានៅឆ្នាំ២០២១ តំបន់កោះកុងក្រៅនឹងក្លាយជាឧទ្យានជាតិសមុទ្រ ក្រោយការសិក្សាតាំងពីឆ្នាំ២០១៦លើឯកសារនិងទិន្នន័យផ្សេងៗពីតំបន់នេះដោយមន្រ្ដីជំនាញ។ដូច្នេះទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថានបានយកចិត្តទុកដាក់ ខ្ពស់លើការងារការពារនិងអភិរក្សតំបន់កោះកុងក្រៅដែរ។
ជាចុងក្រោយក្នុងសេចក្ដីប្រកាសព័ត៌មាននៃថ្ងៃដដែលដែលអាជ្ញាធរចាប់កង់ពួកគេនោះ ក្រសួងរំពឹងថាក្រុមយុវជននឹងយល់កាន់តែច្បាស់ ហើយខិតខំរៀនធ្វើការរួមគ្នា ប្រកបដោយភាពស្មោះត្រង់ជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីបុព្វហេតុបរិស្ថាននិងធនធាន ធម្មជាតិ ហើយជៀសវាងការបង្កើតឆាកល្ខោនសម្តែងនិងធ្វើអាជីវកម្មដើម្បី កេងចំណេញនយោបាយ។
យ៉ាងនេះក្ដីការលើកឡើងរបស់ក្រសួងបរិស្ថានធ្វើឱ្យពលរដ្ឋជាង៨០ភាគរយក្នុងប្រអប់បញ្ចេញមតិចំណោម៧៥០ បានប្រតិកម្មបែបចំអកតួយ៉ាងបុរសម្នាក់ឈ្មោះថា Veasna Ky លើកឡើងថា៖
“ថាតើក្រសួងបរិស្ថានយកហេតុផលអី ភស្តុតាងអីទៅវាយតម្លៃថាពួកគេជាសកម្មជននយោបាយ? ដូច្នេះមានន័យការបង្អាក់ការធ្វើដំណើររបស់ពួកគាត់ថ្ងៃគឺក្រោមនិន្នាការនយោបាយទាំងស្រុង? ហេីយទៅធ្វើជាហៅគ្នាធ្វេីតេស្ដសុខភាព? រកអត្តសញ្ញាណប័ណ្ណ លិខិតអនុញ្ញាតនានា គ្រាន់តែជាលេសមិនឲ្យពួកគេធ្វើសកម្មភាពតែប៉ុណ្ណោះ។ក្រសួងបរិស្ថានជាស្ថាប័នរដ្ឋ មិនគួរសោះមកបម្រើឆន្ទ:នយោបាយ ការពារគណបក្សគ្រប់គ្រងរដ្ឋាភិបាល ជាពិសេសរេីសអេីង ក្រុមយុវជន បែបនេះសោះ។“
Dara Suon ច្រានចោលថា៖
អត់មែនមួយក្រុមតូចទេ មានអ្នកគាំទ្រច្រើនណាស់ លើសកម្មភាពក្រុមនេះ។
ដារ៉ាបានបង្ហាញរូបភាពដែលមានការចូលចិត្តសកម្មភាពរបស់យុវជននេះដល់ទៅ១៤ពាន់នាក់លើបណ្ដាញសង្គម។បុរសម្នាក់ទៀតឈ្មោះថាឆាយចែង ស្នើទៅក្រសួងដូចនេះថា៖
“សូមក្រសួងបរិស្ថាន បើកចិត្តឲ្យទូលាយព្រោះសព្វថ្ងៃ បរិស្ថានធម្មជាតិហិនហោចអស់ហើយ ហេតុនេះត្រូវនាំគ្នា រៀនសូត្រពីក្រុមយុវជនក្លាហានទាំងនេះ…ក្រែងអាចសង្រ្គោះធម្មជាតិបានមកវិញខ្លះ….។ ឯទស្សនៈដឹកឈើត្រូវច្បាប់ជិះកង់ខុសច្បាប់ត្រូវបានយកទម្លាក់ក្នុងប្រអប់បញ្ចេញមតិក្រសួងបរិស្ថានរបស់ Penh Kimheng។“
តែក៏មានអ្នកបញ្ចេញមតិមួយចំនួន បានយករូបលោករ៉ង់ឈុនក្នុងចំណោមយុវជន ទាំងនោះថាជាមេក្លោងក្នុងរឿងនយោបាយដែលលោករ៉ុង ឈុនសព្វថ្ងៃជា ប្រធានសហភាពសហជីពកម្ពុជានិងឧស្សាហ៍ជាវាគ្មិនដល់ប្រព័ន្ធ ថផ្សព្វផ្សាយរបស់ចលនាបក្សប្រឆាំងនៅក្រៅប្រទេស។អ្នកចែករំលែកម្នាក់នោះឈ្មោះថា ពូណាត បញ្ចេញទស្សនៈថា៖
“អរុណសួស្ដី ចូលមកមើលមូលហេតុដែលគេចាប់ប៉ុន្មានអ្នកជិះកង់ និងចុះទៅកន្លែងពួកគេបោះតង់ម្សិលមិញនោះ គឺដោយសារសកម្មភាពពួកគេរៀបចំធ្វើក្នុងគោលបំណងទាមទារអ្វីមួយ ដែលអាចពាក់ព័ន្ធនឹងនយោបាយ រឺក៏ខុសច្បាប់ ដែលបានដឹកនាំដោយពូមួយមកពីបក្សប្រឆាំង ចឹងហើយរឿងមានហេតុបំណុលមានម្ចាស់ មិនមែនសុខៗជិះកង់គេចាប់ទេ។ ម្នាក់ៗគិតតែពីស៊ែរ ពីជេរពីច្ងល់ ទាំងមិនបានចូលអាន និងដឹងពត៌មានច្បាស់ផង ធ្វើអោយមានការរយល់ច្រលំរឿងជិះកង់ប្រមូលផ្ដុំគ្នាគេចាប់ ។“
អតីតប្រធានក្រុមអ្នកវិភាគវ័យក្មេង គឺលោកបង ឌិតបានយកសេចក្ដីប្រកាសនោះមកបង្ហោះក្នុងគណនីរបស់ខ្លួនដោយសរសេរទស្សនៈដូចនេះថា៖
“សេចក្ដីប្រកាសព័ត៌មាន មានលក្ខណៈចោទប្រកាន់ទាំងកម្រោល “យកលេស…” គួរតែពិចារណាឡើងវិញ ដើម្បីមុខមាត់គណបក្សប្រជាជន ដែលអួតក្អេងក្អាងថា ម្លប់សន្តិភាពរបស់លោកអ៊ុំម្នាក់នោះ។ “
គួរឱ្យដឹងពីសុខគីមសានដែលជាយុវជនធ្វើសកម្មភាពហែញ្ញត្តិផ្ទាល់បានបង្ហោះឱ្យដឹងក្នុងបណ្ដាញសង្គមថាក្រោយពីការចាប់កង់ក្រុមពួកគេគឺនៅតែប្ដេជ្ញាបន្ដដំណើរទៅមុខទៀត។ប៉ុន្ដែនៅ ម៉ោងថ្ងៃត្រង់ថ្ងៃ០៤មិថុនាមុននេះSBN សារព័ត៌មានដែល យកការណ៍ក្នុងសកម្មភាពនោះបាន រាយការណ៍ថាអាជ្ញាធរស្រុកកោះកុង បានធ្វើការឃាត់ពួកគាត់ មិនឲ្យចេញពីអធិការស្រុកកោះកុងឡើយ គឺនៅធ្វើការសួរនាំកត់កំណត់ហេតុពីប៉ូលីស និងគម្រាមមានព្រះរាជអាជ្ញាផងដែរ។
សូមជម្រាបថា អង្គការមាតាធម្មជាតិត្រូវបានក្រសួងមហាផ្ទៃ លុបចេញពីបញ្ជីអង្គការ មិនមែនរដ្ឋាភិបាលតាំងពីឆ្នាំ២០១៧ ដេលក្រសួងអះអាងថាតាមការស្នើពីប្រធាន អង្គការនេះបើទោះស្ថាបនិកអង្គការនេះគឺលោក Alex Gonzalez-Davidson ថាលោកពុំបានដាក់ស្នើទេ៕
Facebook Comments