ក្រុងភ្នំពេញ៖ របាយការណ៍របស់ធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ទី ១០ ខែ តុលា ឆ្នាំ ២០១៩ នេះ បានបង្ហាញថា កំណើនសេដ្ឋកិច្ចកម្ពុជានឹងថមថយមកត្រឹម ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ ពោលធនាគារនេះបានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាអាចនឹងទ្រោមចុះខ្លាំង។
ធនាគារពិភពលោកបានព្រមានពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ដែលអាចមកពីកត្តានៃការទាញទម្លាក់ដោយការដកហូតសិទ្ធិអនុគ្រោះពន្ធនាំទំនិញទៅកាន់ទ្វីបអ៊ឺរ៉ុប និង កត្តាមួយចំនួនដែលប៉ះទង្គិចពីសង្រ្គាមពាណិជ្ជកម្មចិន-អាមេរិក។
របាយការណ៍នេះក៏បានព្យាករណ៍ថា ល្បឿនកំណើនសេដ្ឋកិច្ចនឹងរអិលធ្លាក់ចុះពី ៧.៥ភាគរយ នៅឆ្នាំ ២០១៨ មកត្រឹមតែ ៧ភាគរយវិញសម្រាប់ឆ្នាំ ២០១៩នេះ។ របាយការណ៍នេះបញ្ជាក់ថា ការថមថយនេះគឺគឺមកពីរដ្ឋាភិបាលកម្ពុជាពឹងផ្អែកទាំងស្រុងខ្លាំងពេកលើការវិនិយោគផ្ទាល់ពីប្រទេសចិន និង ទេសចរណ៍ជនជាតិចិន។
ទោះជាយ៉ាងណាក្តី របាយការណ៍របស់ធនាគារពិភពលោកបញ្ជាក់ថា វិស័យនាំចេញមានការថមថយបន្តិចមែន តែវិស័យសំណង់នៅតែបន្តលូតលាស់។ ផលិតផលក្នុងស្រុកសរុបកើនឡើងពី ៩.៤ ក្នុងឆ្នាំ ២០១៨ ដល់ ៩.៨ ក្នុងឆ្នាំ ២០១៩នេះ។
របាយការណ៍នេះបានបញ្ជាក់ក្នុងន័យដើមថា «ការដកចេញនូវប្រព័ន្ធEBAប្រសិនបើកើតឡើងមែននិងការធ្លាក់ចុះគំហុករបស់សេដ្ឋកិច្ចចិន(ដែលមកពីការអូសបន្លាយនៃភាពតានតឹង ផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន) អាចធ្វើឲ្យលទ្ធភាព កំណើនសេដ្ឋកិច្ចកម្ពុជា ទ្រោមចុះខ្លាំងនៅពេលដែលសេដ្ឋកិច្ចនេះកំពុងពឹងផ្អែកកាន់តែខ្លាំងទៅលើការនាំចេញទៅកាន់ទីផ្សារសហភាពអឺរ៉ុបនិងទៅលើការហូរចូលរបស់ទុនវិនិយោគផ្ទាល់ និងភ្ញៀវទេសចរពីប្រទេសចិន»។
លំហូរនៃការនាំចេញទៅកាន់សហភាពអឺរ៉ុបគឺស្រូបយក ៤០ ភាគរយនៃផលិតផលនាំចេញពីកម្ពុជា។
លោកផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនិងជាអ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់បណ្តាញផ្សព្វផ្សាយព័ត៌មានក្រៅប្រទេសមួយថា ជាការឆាប់រហ័សពេកហើយ ដែលធនាគារពិភពលោកបានចេញអនុសាសន៍សម្រាប់រដ្ឋាភិបាលកម្ពុជា។
លោក ផៃ ស៊ីផាន បន្តថា កម្ពុជាកំពុងធ្វើការយ៉ាងមាមាញឺកក្នុងការចរចារជាមួយសហភាពអឺរ៉ុបដើម្បីកុំឲ្យដកប្រព័ន្ធពន្ធអនុគ្រោះ។
លោកបានលើកឡើងថា៖ បាទ! វាពិតជាលឿនពេកហើយសម្រាប់ធនាគារពិភពលោក ហើយរដ្ឋាភិបាលលោកកំពុងតែធ្វើការចរចារជាមួយសហភាពអឺរ៉ុប ហើយសហភាពអឺរ៉ុបក៏កំពុងតែមើលពីសមាសភាព ហើយយើងពិបាកនឹងឆ្លើយ ហើយនឹងពិបាកនិយាយថាម៉េច ក៏ប៉ុន្តែរដ្ឋាភិបាលគេមានថវិការជាតិសម្រាប់រឿងនេះហើយ។
លោកបន្តថា រដ្ឋាភិបាលមានថវិការមួយចំនួនសម្រាប់ដោះស្រាយរឿងនេះ ប្រសិនបើ EBA ត្រូវបានដកចេញមែនចាប់ពីដើម ឆ្នាំ ២០២០នេះ។
អ្នកស្រី Claire Hollweg សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ប្រាប់ក្រុមអ្នកកាសែតថា ដើម្បីឲ្យកម្ពុជា អាចទប់ទល់នឹងស្ថានភាពលំបាកក្នុងករណីមានការបាត់បង់ឋានៈអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុបនោះប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះគួរតែពិចារណាលើការកែទម្រង់រចនាសម្ព័ន្ធដែលជាផ្នែកមួយអាចធ្វើឲ្យបរិយាកាសធ្វើជំនួញមានភាពប្រសើរឡើងនិងដើម្បីទ្រទ្រង់របស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។
ប៉ុន្តែថ្មីៗនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន មានប្រាក់បម្រុងអន្តរជាតិជាង ១៥ពាន់លានដុល្លារអាមេរិក ក្នុងនោះមានមាសប្រមាណ ៣០ តោនផងដែរ ប្រសិនបើមានការសម្រេចថាដក ឬមិនដកពន្ធអនុគ្រោះពីកម្ពុជាដោយសហភាពអឺរ៉ុប និងអាមេរិក ។
គួររម្លឹកថា បើសហភាពអឺរ៉ុប ដាក់ទណ្ឌកម្មកម្ពុជាដោយព្យួរប្រព័ន្ធពន្ធអនុគ្រោះEBA គឺកម្ពុជា ត្រូវខាតបង់ប្រាក់ពន្ធនេះ ជិត៧០០លានដុល្លារក្នុងមួយឆ្នាំៗ។ ចំណែកឯសហរដ្ឋអាមេរិកវិញ ក៏កំពុងធ្វើពង្រាយច្បាប់ ដកប្រព័ន្ធអនុគ្រោះពន្ធGSPពីកម្ពុជាផងដែរ គឺមានប្រមាណ៤០០លានដុល្លារ។
ទំនិញ ដែលកម្ពុជានាំចូលទីផ្សាររបស់ប្រទេសធំពីរនេះ ហើយទទួលការលើកលែងពន្ធ គឺ សម្លៀកបំពាក់ កង់ ស្ករស ជាដើម។ កម្លាំងពលកម្ម បម្រើសេវានេះ មានជិតមួយលាននាក់ភាគច្រើនជាស្ត្រី៕
Facebook Comments