សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រនៅកម្ពុជា ស្នើទៅសហភាពអឺរ៉ុបជាថ្មីម្ដងទៀតសុំពន្យារការដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ដែលនឹងធ្វើឡើងនៅខែសីហាឆ្នាំ ២០២០ ។
សមាគមចំនួន ៣ របស់ក្រុមថៅកែរោងចក្រនៅកម្ពុជា គឺមានសមាគមរោងចក្រកាត់ដេរ GMAC សមាគមរោងចក្រស្បែកជើង CFA និងសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា។
សមាគមទាំងនេះ បានចេញលិខិតរួមគ្នាមួយ ដោយស្នើទៅសហភាពអឺរ៉ុបសុំពន្យារពេលដក EBA ដោយសារវិបត្តិកូវីដ១៩ កំពុងប៉ះទង្គិចធ្ងន់ធ្ងរដល់រោងចក្រផលិតទំនិញ ដំណើរ សម្លៀកបំពាក់ និងស្បែកជើង រួមទាំងកម្មករធ្វើការនៅតាមរោងចក្រទាំងនោះ។
ក្នុងលិខិតចុះថ្ងៃទី០២ ខែមិថុនា សមាគមទាំង ៣ នេះបានលើកឡើងថា រោងចក្រនៅកម្ពុជាប្រមាណ ២៥០ដែលផលិតទំនិញទាំងនោះ បានបង្ខំចិត្តផ្អាកសង្វាក់ផលិតកម្មរបស់ពួកគេ ទាំងស្រុង ហើយរោងចក្រភាគច្រើនផ្សេងទៀត កំពុងកាត់បន្ថយចង្វាក់ផលិតកម្ម ដោយសារការធ្លាក់ចុះការបញ្ជាទិញ។
សមាគមទាំងបីនេះ បានអោយដឹងថា កម្មករជាង ១៣ម៉ឺននាក់ក្នុងវិស័យទាំងនេះ ដែលភាគច្រើនជាស្រ្តីបានបាត់បង់ការងារ ហើយតួលេខនេះ នឹងកើនឡើងខ្លាំងនៅ ប៉ុន្មានខែខាងមុខនេះ ។
ក្នុងលិខិតនេះ អគ្គលេខាធិការសមាគមរោងចក្រស្បែកជើង លោក បិន កែវ និយាយ ថា ដំណើរការលក់ទំនិញ ស្បែកជើង និងសម្លៀកបំពាក់នៅកម្ពុជា នៅត្រីមាសទី ២ខាងមុខ នឹងធ្លាក់ចុះពី ៥០ ទៅ ៦០ភាគរយ ធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
លោក បិន កែវ សរសេរបន្ថែមថា៖ «គ្រួសារកម្ពុជារាប់សែនកំពុងស្ថិតក្នុងហានិភ័យនៃភាពបាត់បង់ការងារ ហើយពលរដ្ឋកម្ពុជារាប់លាននាក់ អាចនឹងធ្លាក់ចូលទៅក្នុងភាពក្រីក្រជាថ្មី។
ប្រធានសមាគម GMAC លោក វ៉ាន់ ស៊ូឡេង លើកឡើងថា ការសម្រេចនេះនឹងបង្កការខូចខាតធ្ងន់ធ្ងរដល់វិស័យរោងចក្រទាំងនោះ ។
លោក វ៉ាន់ ស៊ូឡេង ដាក់ការព្រួយបារម្ភថា៖ «ប្រសិនការដក EBAគឺ ការបញ្ជាទិញ និងការងារ នឹងត្រូវបាត់បង់ច្រើនឡើងថែមទៀត ឬនឹងមិនត្រឡប់មកវិញ។ សហភាពអឺរ៉ុប មិនត្រូវព្រងើយចំពោះស្ថានភាពចុះដុនដាបនេះ និងផលប៉ះពាល់ធ្ងន់ធ្ងរពីការដកប្រយោជន៍ EBA ពីកម្ពុជា។
គណៈកម្មការអឺរ៉ុប បានប្រកាសថា នឹងព្យួរប្រព័ន្ធអនុគ្រោះពន្ធ EBA ពីកម្ពុជា លើផលិតផលសម្លៀកបំពាក់ ២០ភាគរយ ស្បែកជើង ៣០ភាគរយ និងសម្ភារធ្វើដំណើរគ្រប់មុខ ចាប់ពីខែសីហាឆ្នាំ២០២០នេះ។
គណៈកម្មការអឺរ៉ុបបានសម្រេចដកហូតផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ជាបណ្តោះអាសន្នពីកម្ពុជាដោយសារតែ កម្ពុជាត្រូវបានចោទថាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ និងជាប្រព័ន្ធ ដែលផ្ទុយពីកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
បើគ្មានអ្វីប្រែប្រួល ដំណើរការដកហូតនឹងចាប់ផ្តើមនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយការនាំចេញរបស់កម្ពុជាទៅកាន់សហភាពអឺរ៉ុបជារៀងរាល់ឆ្នាំ នឹងប៉ះពាល់ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១ពាន់ ១រយលានដុល្លារក្នុងទំហំជាង៥ពានលានដុល្លារ។
ជាការកត់សំគាល់ ក្នុងអំឡុង កម្ពុជា ផ្ទុះកូវិដ ១៩នេះ រោងចក្រ ជាង៣០០បានព្យួរ ប្រតិបត្តិការផលិតដោយបណ្ដាលអោយកម្មករជាង១០ម៉ឺននាក់ បាត់បង់ការងារ។ ផលលំបាកនេះ កើតឡើងដោយ សារ ការបញ្ជាទីញពីសហភាពអឺរ៉ុប និងអាមេរិក ធ្លាក់ចុះ៕
ដោយ៖ពៅនិកា
Facebook Comments