(ភ្នំពេញ)៖ និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាពីសំណាក់ប្រជាពលរដ្ឋថៃប្រមាណ១០០នាក់ នៅមុខស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ។ នៅពេលនេះអ្នកនាំពាក្យក្រសួងមហាផ្ទៃខ្មែរបានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ មិនមែនទើបតែបាត់ខ្លួនទេ ពោលគឺបាត់តាំងពីឆ្នាំ២០១៧មកម្ល៉េះ។
កញ្ញា អ៊ុំ ច័ន្ទលក្ខិណា រាយការណ៍ពីព័ត៌មាននេះ៖
បន្ទាប់ពីមានការភ្ងាក់ផ្អើល និងផ្ទុះការតវ៉ាទាក់ទិនទៅនឹងការបាត់ខ្លួនរបស់សកម្មជននយោបាយក្រុមអាវក្រហមថៃ លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ។ កាលពីប៉ុន្មានថ្ងៃនេះ រឿងនេះបានក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយចំពោះការបាត់ខ្លួនរបស់សកម្មជននយោបាយដែលត្រូវបានគេលើកឡើងថា បានរត់ភៀសខ្លួនពីប្រទេសថៃមកស្នាក់អាស្រ័យនៅកម្ពុជាកាលពីឆ្នាំ២០១៤។ ក៏ប៉ុន្តែនៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០នេះ ពលរដ្ឋថៃប្រមាណ១០០នាក់ បានបាតុកម្ម លើកបដាតវ៉ា នៅមុខស្ថានទូតខ្មែរប្រចាំប្រទេសថៃទាមទារឲ្យមានការស៊ើបអង្កេតករណីចាប់ជំរិតលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ នៅក្រុងភ្នំពេញ កាលពីថ្ងៃទី៤ មិថុនា។ ក្រុមបាតុករថៃទាំងនោះបានសម្តែងនូវការខកចិត្តជាខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលមិនបានយកចិត្តទុកដាក់ និងធានាសុវត្ថិភាពដល់ជនរងគ្រោះ។ ក្រុមបាតុករបានអះអាងថា ពួកគេមានភស្តុតាងគ្រប់គ្រាន់ដែលធ្វើឲ្យរាជរដ្ឋាភិបាលកម្ពុជាមិនអាចប្រកែកបាន។ ពួកគេបានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា តាមចាប់ខ្លួនជនល្មើស និងសុំឲ្យសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកជួយតាមដានករណីនេះ។ ប្រសិនបើលោកវ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធបានបាត់បង់ជីវិតហើយនោះ ក៏សូមឲ្យប្រគល់សាកសពរបស់លោកមកប្រទេសថៃវិញ ដើម្បីឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។
ទោះបីជាយ៉ាងនេះក្តី អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ បានលើកឡើងថា លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជនក្រុមអាវក្រហម បានបាត់ដំណឹងឈឹងពីកម្ពុជា តាំងពីឆ្នាំ២០១៧ មកម្ល៉េះ ក្រោយពេលដែលលោកបានសុំពន្យារពេលទិដ្ឋាការស្នាក់នៅបាន២ឆ្នាំ។ នេះបើយោងទៅតាមសារព័ត៌មានស្និតនឹងរាជរដ្ឋាភិបាលFresh News។
លោក ខៀវ សុភ័គ បានសង្កត់ធ្ងន់ថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច នៅក្នុងប្រព័ន្ធចេញចូលរបស់ភ្ញៀវដែលមកកាន់ប្រទេសកម្ពុជា គឺលោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ បានចេញចូលកម្ពុជាច្រើនដង ហើយនៅមុនឆ្នាំ២០១៥ ជននេះបានមកស្នើសុំពន្យារពេលទិដ្ឋាការស្នាក់ដែលមានសុពលភាពត្រឹមឆ្នាំ២០១៧ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៧មក ជននេះបានបាត់ខ្លួនរហូត ដោយមិនដឹងថាបាត់ទៅទីណាទេ។
លោកបញ្ជាក់ថា៖ «បើបុគ្គលនេះរស់នៅក្នុងកម្ពុជា គឺរស់នៅដោយខុសច្បាប់ហើយ ប៉ុន្តែគាត់ទៅណាក៏យើងមិនបានដឹងតាំងពីពេលនោះមក»។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអំពាវនាវឱ្យសាក្សី ឬជនទាំងឡាយដែលមានព័ត៌មានអំពីករណីបាត់ខ្លួន លោក វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធសូមសហការជាមួយសមត្ថកិច្ច ដោយផ្តល់ព័ត៌មានពិតប្រាកដដល់សមត្ថកិច្ច ដើម្បីធ្វើការស្រាវជ្រាវ។ លោកបញ្ជាក់ថា តាមច្បាប់អន្តោរប្រវេសន៍ជនបរទេសមិនអាចស្នាក់នៅកម្ពុជា ហួសសុពលភាពទេ ប៉ុន្តែជននេះបានបាត់ដំណឹង។
សូមរំលឹកផងដែរថា និស្សិតថៃឈ្មោះ វ៉ាន់ឆាឡឺម សាតស័ក្តិសិទ្ធ ដែលជាសកម្មជននយោបាយក្រុមអាវក្រហមថៃ ត្រូវបានកាសែតថៃផ្សាយថា ត្រូវបានចាប់ខ្លួននៅរាជធានីភ្នំពេញ កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ គ្រាដែលសកម្មជនក្រុមអាវក្រហមនេះ រត់ពីប្រទេសថៃ មកស្នាក់អាស្រ័យនៅកម្ពុជា កាលពីឆ្នាំ២០១៤។ បុគ្គលរូបនេះ ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រថៃ តាំងពីឆ្នាំ២០១៤ មក៕
អត្ថបទដោយ អ៊ុំ ច័ន្ទលក្ខិណា
Facebook Comments